សេចក្ដីខ្លាចនិងសេចក្ដីបារម្ភរបស់ក្មេង

ក្មេងភាគច្រើនកើតមានសេចក្ដីខ្លាចនៅក្នុងដំណាក់កាលខ្លះ។ សេចក្ដីខ្លាចទូទៅរួមមានទាំងខ្លាចងងឹត សម្លេងខ្លាំង សត្វធំៗ វង្វែងផ្លូវ សត្វចម្លែកហើយនិងដេកតែម្នាក់ឯង។ ជួនកាលក្មេងខ្លះទៅជាភ័យខ្លាចមែនថាខ្លួននឹងបាត់បង់មាតា ឬបិតារបស់ខ្លួនដោយជម្ងឺ ឬមរណៈភាព។

សេចក្ដីបារម្ភក៏ជាផ្នែកធម្មតាមួយនៃការលូតលាស់របស់ក្មេងដែរ។ សេចក្ដីបារម្ភនេះអាចជាបទពិសោធន៍ចំពោះក្មេងថាជាសេចក្ដីខ្លាចនិងការខ្វល់ខ្វាយហួសហេតុបានដែរ។ សេចក្ដីបារម្ភប្រហែលជាកើតឡើងដោយក្មេងប្រឈមមុខនឹងការផ្លាស់ប្ដូរច្រើននៅក្នុងឆាកជីវិតរបស់គេ។ ដូចជា ក្មេងប្រហែលជាមានអារម្មណ៍រសាប់រសល់ពេលដែលគេដូរទៅនៅផ្ទះថ្មី ចាប់ផ្ដើមចូលសាលារៀនថ្មី ឬជាប់ទាក់ទិននឹងសកម្មភាពថ្មីជាដើម។ សេចក្ដីបារម្ភអាចកើតមានឡើងមកពីក្មេងមិនយល់ថាអ្វីកំពុងកើតឡើងចំពោះរូបគេ ឬចំពោះអ្នកស្រឡាញ់របស់គេ។

សេចក្ដីបារម្ភរបស់ក្មេងអាចបង្ហាញឲ្យឃើញតាមរយៈអាកប្បកិរិយាមួយចំនួនដូចជា ឈ្លោះគ្នាជាមួយបងប្អូន ឬមិត្ដភក្ដិ ការមួម៉ៅយ៉ាងខ្លាំង ការរំខានក្នុងការដេក យំច្រើន តោងមិនដាច់ ឬការរឹងទទឹង។ ជួនកាលមូលហេតុនៃអាកប្បកិរិយារបស់ក្មេងអាចពិបាកនឹងយល់ណាស់។ ការរក្សាទំនាក់ទំនងនឹងអ្វីដែលកើតមានឡើងដល់កូនលោកអ្នកនឹងជួយលោកអ្នកមើលឃើញនូវសញ្ញាដែលកូននោះប្រហែលជាមានអារម្មណ៍រសាប់រសល់ហើយ។

ការឆ្លើយតបតទៅនឹងសេចក្ដីខ្លាចហើយនិងសេចក្ដីបារម្ភរបស់កូនលោកអ្នក

កុំចំអកសើចលេងចំពោះសេចក្ដីខ្លាច ឬការខ្វល់ខ្វាយរបស់ក្មេង។ ទោះជាសេចក្ដីខ្លាចនោះដូចជាផ្ដេសផ្ដាសនិងមិនសមហេតុសមផលក៏ដោយ សេចក្ដីខ្លាចទាំងនេះគឺប្រាកដណាស់ហើយពិតទៀតចំពោះកូនរបស់លោកអ្នក។ ព្យាយាមកុំរំសាយចិត្ដហើយនិងខឹងក្រេវក្រោធ។

ស្ដាប់សេចក្ដីខ្លាចរបស់កូនលោកអ្នក។ ទទួលស្គាល់សេចក្ដីខ្លាចនោះហើយធ្វើឲ្យកូនលោកអ្នកសុខចិត្ដនឹងជួយ។

ទុកឲ្យកូនមានពេលដើម្បីពុះពារលើសេចក្ដីខ្លាចរបស់គេ។ វាប្រហែលជាប្រើពេលច្រើនអាទិត្យ ច្រើនខែ ឬយូរជាងនេះទៅទៀតផង។

ការនិយាយជាមួយកូនអំពីសេចក្ដីខ្លាចហើយនិងការខ្វល់ខ្វាយអាចធ្វើឲ្យគេហាក់ដូចជាមានការភ្ញាក់ផ្អើលដ៏តិចតួច។

ផ្ដល់ការពន្យល់ដ៏សាមញ្ញ សមហេតុផលដើម្បីជួយធ្វើឲ្យបាត់កង្វល់របស់កូនលោកអ្នក។

ពិភាក្សាជាមួយកូនលោកអ្នកអំពីអ្វីៗដែលលោកអ្នកខ្វល់ខ្វាយនិងលោកអ្នកបានពុះពារហើយបានសម្រេចលើកង្វល់ទាំងនោះដោយរបៀបណា។

ជៀសវាងការនិយាយប្រាប់កូនលោកអ្នកថាគ្មានអ្វីៗដែលគួរឲ្យខ្លាចសោះឡើយ។ សារនេះអាចធ្វើឲ្យគេឃើញថាលោកអ្នកមិនយល់ថាគេមានអារម្មណ៍យ៉ាងណាទេ។

ជួយកូនឲ្យគិតអំពីអ្វីដែលធ្វើឲ្យគេពុំសូវខ្វល់ខ្វាយ។ ឧទាហរណ៍ ប្រសិនបើសេចក្ដីខ្លាចរបស់កូនលោកអ្នកទាក់ទងនឹងភាពងងឹត ឬនៅពេលយប់នោះ គួរនិយាយអំពីភ្លើងនៅពេលយប់ ការប្រើប្រដាប់ក្មេងលេងដោយធ្វើជា "អ្នកការពារ" ហើយយល់ស្របគ្នានិងកាន់ខ្ជាប់នូវទម្លាប់ពេលចូលដេក។

ជារឿយៗក្មេងពុំអាចពន្យល់នូវសេចក្ដីបារម្ភទេ។ គេប្រហែលជាយល់ថាវាពិបាកនិយាយអំពីសេចក្ដីខ្លាចហើយនិងការខ្វល់ខ្វាយរបស់គេ។ ជួយកូនត្រួតត្រាសេចក្ដីខ្លាចរបស់គេតាមរយៈការលេង។ ឧទាហរណ៍ ការលេងជាវេជ្ជបណ្ឌិតនេះប្រហែលជាជួយក្មេងឲ្យមានជ័យជំនះលើសេចក្ដីខ្លាចក្នុងការទៅជួបវេជ្ជបណ្ឌិត។

បន្ថយបន្ដិចម្ដងៗនូវសេចក្ដីខ្លាចដោយត្រួតមើលអ្វីដែលកូនមើលទូរទស្សន៍។ ជៀសវាងកុំឲ្យគេមើលរឿងមិនសមហេតុសមផលដែលប្រហែលជាធ្វើឲ្យគេមានកង្វល់នោះ។

ប្រុងប្រៀបរៀបចំកូនចំពោះស្ថានភាពនានាដែលលោកអ្នកដឹងថាវានឹងបណ្ដាលឲ្យគេមានអារម្មណ៍រសាប់រសល់។ និយាយប្រាប់ថានរណានឹងទៅទីនោះ អ្វីនឹងកើតមានឡើង ហើយនរណាម្នាក់ដែលកូនអាចទៅរកបាន ប្រសិនបើគេខ្វល់ខ្វាយនោះ។ ឧទាហរណ៍ ប្រសិនបើចាប់ផ្ដើមចូលសាលារៀនថ្មី យកកូនទៅសាលានោះឲ្យបានញឹកញាប់មុនថ្ងៃដំបូង ចំណាយពេលនៅទីកន្លែងលេងនៅចុងសប្ដាហ៍ បង្ហាញបន្ទប់រៀនរបស់គេ បង្គន់នៅទីណាហើយដល់ពេលចេញពីរៀន លោកអ្នកនឹងជួបគេនៅកន្លែងណា។

សេចក្ដីខ្លាចរបស់ក្មេងនឹងអន់ថយ ប្រសិនបើគេមានការត្រួតត្រាខ្លះមកលើស្ថានភាពណាមួយនោះ។ កុំបង្ខំកូនឲ្យប្រទល់មុខនឹងសេចក្ដីខ្លាចយ៉ាងខ្លាំងដែលគេមាន។ ជួយគេធ្វើមិនឲ្យងាយរំភើបទៅនឹងប្រភពនៃសេចក្ដីខ្លាចរបស់គេ។ ឧទាហរណ៍ ប្រសិនបើកូនលោកអ្នកខ្លាចឆ្កែធំ បង្ហាញកូនបន្ដិចម្ដងៗនូវឆ្កែដោយវិធីសុវត្ថិភាពហើយស្រួលដោយបង្ហាញរូបឆ្កែនៅក្នុងសៀវភៅ លេងជាមួយកូនឆ្កែតុកត្ដា មើលឆ្កែនៅក្នុងហាងលក់សត្វចិញ្ចឹម ហើយដល់ពេលល្អជំរុញកូនឲ្យស្ទាបកូនឆ្កែតូចមួយដែលស្លូត។

សរសើរនិងទទួលស្គាល់នូវការខំប្រឹងប្រែងរបស់កូនក្នុងការប្រទល់មុខនឹងសេចក្ដីខ្លាចនិងសេចក្ដីបារម្ភរបស់គេ។

ជៀសវាងកុំឲ្យកូនដឹងថាលោកអ្នករន្ឋត់ ឬទាំងខ្វល់ផងដែរ ព្រោះថាវាប្រហែលជាធ្វើឲ្យសេចក្ដីខ្លាចរបស់គេកាន់តែកើនឡើងទៀត។ ជួនកាលសេចក្ដីបារម្ភរបស់លោកអ្នកអាចជាខ្លាំងជាងសេចក្ដីខ្លាចរបស់កូនលោកអ្នក។ ក្មេងអាចចាប់ដឹងសេចក្ដីបារម្ភរបស់លោកអ្នកដោយងាយស្រួល។

រិះគន់នូវរបៀបណាដែលលោកអ្នកអាចត្រួតត្រាសេចក្ដីបារម្ភរបស់លោកអ្នកផ្ទាល់នោះ។

ពេលណាត្រូវស្វែងរកឱវាទពីអ្នកជំនាញ

ពេលដែលសេចក្ដីបារម្ភកើតមានជាទូទៅច្រើននៅនឹងក្មេង មាតាបិតាគួរស្វែងរកឱវាទពីអ្នកជំនាញនៅពេលសេចក្ដីបារម្ភចាប់ផ្ដើមប៉ះទង្គិចលើការលូតលាស់ដ៏ល្អរបស់គេ។ប្រសិនបើសេចក្ដីខ្លាច ឬសេចក្ដីបារម្ភរបស់កូនលោកអ្នករំខានដល់សកម្មភាពប្រចាំថ្ងៃធម្មតារបស់គេ ហើយវាកាន់តែពិបាកទៅៗជាយូរខែជាជាងគ្រាន់បើវិញនោះ ស្វែងរកឱវាទពីវេជ្ជ បណ្ឌិតរបស់លោកអ្នក វេជ្ជបណ្ឌិតផ្នែកកុមារ ឬអ្នកផ្ដល់ឱវាទប្រចាំសាលារៀន។