សារៈសំខាន់នៃការចិញ្ចឹមក្មេងទៅនឹងការលូតលាស់នៃខួរក្បាលរបស់ក្មេង

ខួរក្បាលរបស់មនុស្សប្រើពេលច្រើនដើម្បីលូតលាស់។ ពេលកើតខួរក្បាលនេះបានលូតលាស់គ្រឿងសំខាន់ៗសំរាប់ជីវិតដូចជា-ការដកដង្ហើមការរក្សាចង្វាក់លោតនៃបេះដូងឲ្យធម្មតា ការជញ្ជក់ទឹកដោះ ការដេកជាដើម។ គ្រឿងនៃខួរក្បាលដទៃទៀតត្រូវប្រើពេលរាប់ឆ្នាំដើម្បីលូតលាស់។

ការដឹងច្រើនអំពីខួរក្បាលដែលកំពុងលូតលាស់របស់កូនលោកអ្នកគឺជាវិធីដ៏ល្អមួយដើម្បីយល់នូវរបៀបក្មេងគិត មានអារម្មណ៍ហើយនិងមានអាកប្បកិរិយាយ៉ាងណា។ ក្មេងតូចៗមានកំរិតក្នុងសមត្ថភាពដើម្បីគិតនិងពិចារណា - គេមិនអាចភ្ជាប់អារម្មណ៍ គំនិតនិងអាកប្បកិរិយារបស់គេកាលពីនៅក្មេងនោះទេ។ ផ្នែកនៃខួរក្បាលដែលមានការទទួលខុសត្រូវចំពោះវិស្ស័យទាំងនេះមិន "ដំណើរការ" នៅពេលដំបូងនៃកុមារភាពទេ។

ការយល់ខួរក្បាលរបស់ក្មេងលូតលាស់ដោយរបៀបណានោះផ្ដល់យើងនូវការយល់ដឹងជ្រៅជ្រះចំពោះសំនួរនានាដែលមាតាបិតាទាំងឡាយច្រើនសាកសួរថា……ហេតុអ្វី?

ហេតុអ្វីបានជាគេធ្វើអ្វីនោះ?

ហេតុអ្វីបានជាគេមិនស្ដាប់?

ហេតុអ្វីបានជាខ្ញុំត្រូវនិយាយដដែលៗនិងដដែលទៀត?

ខួរក្បាលដែលកំពុងលូតលាស់

ពន្ឋុហើយនិងបរិដ្ឋានមានឥទ្ឋិពលទៅវិញទៅមកនៅគ្រប់ជំហាននៃការលូតលាស់នៃខួរក្បាល ក៏ប៉ុន្ដែវាមានតួនាទីខុសគ្នាច្រើនណាស់។ ពន្ឋុមានការទទួលខុសត្រូវភាគច្រើនខាង"គម្រោងសរសៃបន្ដឆ្វាត់ឆ្វែងដ៏សំខាន់" របស់ខួរក្បាល។ បទពិសោធន៍មានការទទួលខុសត្រូវខាងរៀបចំនិងពង្រឹងពង្រីកតំណឲ្យកាន់តែល្អឡើងនៅក្នុងខួរក្បាលនេះ។

ខួរក្បាលយើងផ្លាស់ប្ដូរឥតឈប់ឈរដោយតបទៅនឹងបទពិសោធន៍នៃជីវិតរបស់យើង។ ខួរក្បាលរបស់ក្មេងងាយចាប់អារម្មណ៍ច្រើនឬ "អាចផ្លាស់ប្ដូរ" នៅប៉ុន្មានឆ្នាំដំបូង។ ទោះជាយ៉ាងណាក៏ដោយ ខួរក្បាលនៅអាចផ្លាស់ប្ដូរក្នុងមួយជីវិត មានទ្រង់ទ្រាយហើយកែទម្រង់ ព្រោះយើងបន្ដការប្រែប្រួលទៅតាមបទពិសោធន៍ហើយនិងការរៀនសូត្រថ្មីៗ។

ខួរក្បាលមានច្រើនចំណែក ឬផ្នែកដែលផ្នែកទាំងអស់ធ្វើការផ្សេងៗគ្នា។ "កោសិកាកាយប្បសាទ"(neuron) គឺដូចជាខ្សែភ្លើង(wire) ដែលតភ្ជាប់ទៅផ្នែកផ្សេងៗទៀតនៃខួរក្បាល។ ចំនួននៃតំណហើយនិងរបៀបតភ្ជាប់គ្នាមានឥទ្ឋិពលទៅលើរបៀបដែលយើងយល់ដឹងបទពិសោធន៍របស់យើង យល់ទំនាក់ទំនង ចងចាំអ្វីៗហើយនិងរៀនសូត្រផង។

ផ្នែកផ្សេងៗនៃខួរក្បាលលូតលាស់ទៅតាមអាយុខុសៗគ្នាហើយនិងតាមលំដាប់។ ដូច្នេះ បទពិសោធន៍របស់ក្មេងខុសៗគ្នាមានសារៈសំខាន់ក្នុងអាយុខុសៗគ្នាដើម្បីពង្រឹងពង្រីកផ្នែកនីមួយៗនៃខួរក្បាល។

លោកអ្នកគឺជាជាងចម្លាក់សកម្មម្នាក់នៃខួរក្បាលកំពុងលូតលាស់របស់កូនលោកអ្នក

ខួរក្បាលខ្ចីឆាប់មានឥទ្ឋិពលទៅលើបទពិសោធន៍ណាស់។ បទពិសោធន៍និងបរិដ្ឋានដំបូងមានឥទ្ឋិពលខ្លាំងណាស់ទៅលើការលូតលាស់នៃខួរក្បាលរបស់ក្មេង។ នេះជាហេតុដែលគ្រួសារទាំងឡាយជួយរៀបចំទំរង់រូបនៃជីវសាស្រ្ដនៃខួរក្បាលរបស់កូន។

ទំនាក់ទំនងដោយមានការគាំទ្រ ការថែរក្សាហើយនិងការមិនផ្លាស់ប្ដូររវាងកូនហើយនិងមាតាបិតាគេ គឺជាគន្លិះនៃការលូតលាស់ខួរក្បាលដែលមានសុខភាពល្អ។

ការផ្គត់ផ្គង់នៃការលូតលាស់ខួរក្បាលដែលមានសុខភាពល្អ

ស្ទាប់ កាន់ លួងលោមចិត្ដ យោល ច្រៀងហើយនិងនិយាយទៅកាន់ក្មេងតូចៗផ្ដល់នូវការបណ្ដុះបណ្ដាលចាំបាច់សំរាប់ខួរក្បាលរបស់គេដែលកំពុងលូតលាស់។

និយាយហើយនិងអានសៀវភៅឲ្យកូនលោកអ្នកតាំងពីនៅទារកភាព។

ផ្ដល់ឱកាសជាច្រើនដល់ការធ្វើដដែលៗហើយនិងការអនុវត្ដន៍ ព្រោះកូនលោកអ្នកទទួលយកការប៉ិនប្រសប់ថ្មីៗ។ ករណីនេះជួយពង្រឹងពង្រីកតំណនៅក្នុងខួរក្បាល។

លេងជាមួយកូនឲ្យបានច្រើនដែលអាចធ្វើទៅបាន។

លើកទឹកចិត្ដកូនឲ្យធ្វើសកម្មភាពនៃរាងកាយ ដូចជាផ្ដួលខ្លួន ជិះកង់ លេងបាល់ លោតហើយនិងរត់។

គាំទ្រកូនឲ្យមានសង្ឃឹមហើយនិងសុទិដ្ឋិនិយម។

បង្កើតឲ្យមានទម្លាប់ជាប់លាប់។

លើកទឹកចិត្ដហើយនិងសរសើរកូននៅពេលដែលគេមានបទពិសោធន៍ថ្មីៗ។

ធ្វើឲ្យមានប្រាកដនិយមអំពីអ្វីដែលកូនអាចធ្វើបានតាមអាយុខុសៗគ្នា។ កុំធ្វើឲ្យគេបរាជ័យ។

ជួយកូនបោះជំហានខ្លីៗហើយនិងពិសោធនូវជោគជ័យ។

កុំទិតៀនកូនចំពោះបរាជ័យ សរសើរការខំប្រឹងប្រែងរបស់គេ។

ប្រុងប្រៀបរៀបចំកូនតូចៗចំពោះការប្រែប្រួល។

អនុញ្ញាតឲ្យកូនចូលប្រយុទ្ឋនឹងបទពីសោធន៍ថ្មីៗតាមល្បឿនរបស់គេ មិនមែនតាមល្បឿនរបស់លោកអ្នកឡើយ។